ភ្នំពេញ៖ នៅថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ ឯកឧត្តម ចាន់ សុធា រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានដឹកនាំកិច្ចប្រជុំពិនិត្យ ពិភាក្សាលើរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តផែនការសកម្មភាព និងថវិកា ខែកក្កដា ឆ្នាំ២០២៥ របស់លេខាធិការដ្ឋាន គ.ជ.អ.ប.។
គោលបំណងនៃកិច្ចប្រជុំផ្តោតសំខាន់ទៅលើវឌ្ឍនភាព បញ្ហាប្រឈម និងទិសដៅការងារសម្រាប់អនុវត្តក្នុងខែសីហា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ឯកឧត្តម ប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. បានណែនាំ និងផ្តល់អនុសាសន៍ជាគន្លឹះៗមួយចំនួន ដូចជា ការសម្របសម្រួលជាមួយក្រសួង ស្ថាប័ន ក្នុងការផ្តល់ព័ត៌មានទាក់ទងនឹងការរៀបចំផែនការយុទ្ធសាស្ត្រថវិការបស់ខ្លួន ដើម្បីដាក់បញ្ចូលក្នុងសូចនាករនៃផែនការអនុវត្ត និងបានជំរុញដល់គ្រប់អង្គភាពចំណុះលេខាធិការដ្ឋាន គ.ជ.អ.ប. ចាត់មន្ត្រីបង្គោល ដើម្បីចូលរួមក្រុមការងាររៀបចំទិន្នន័យផែនការសកម្មភាព និងថវិកា (NAD) ដោយសហការជាមួយអង្គភាពគ្រប់គ្រង និងគាំទ្រកម្មវិធី ធ្វើយ៉ាងណាឱ្យដំណើរការប្រព័ន្ធទិន្នន័យ NAD អាចអនុវត្តបានទាន់ពេលវេលា និងប្រកបដោយភាពរលូន។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី អនុប្រធានលេខាធិការដ្ឋាន គ.ជ.អ.ប. ប្រធានអង្គភាព អនុប្រធានអង្គភាព ប្រធានការិយាល័យ មន្រ្តី និងទីប្រឹក្សាចំណុះឱ្យលេខាធិការដ្ឋាន គ.ជ.អ.ប. សរុបចំនួន ៣០រូប ស្រីចំនួន ៩រូប ៕