ភ្នំពេញ៖ ឯកឧត្ដម អ៊ុន ចាន់ដា អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាម បានស្នេីដល់សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ត្រូវចៀសវាងជាដាច់ខាតនូវការធ្វើសកម្មភាព ទាំងឡាយណា ដែលអាចជាប់ពាក់ព័ន្ធ ឬគាំទ្រដល់ការសម្អាតប្រាក់ ហិរញ្ញប្បទាន ភេរវកម្ម។
ការថ្លែងបែបនេះក្នុងវេទិកាសន្ទនា ជាមួយ អង្គការសង្គមស៊ីវិល សមាគម សហគមន៍ក្នុងខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២៥ នៅសណ្ឋាគារភ្នំប្រុសក្រុងកំពង់ចាម។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា បានស្នើដល់សមាគម អង្គការសង្គមស៊ីវិល និងដៃគូអភិវឌ្ឍន៍ទាំងអស់ សូមបន្តគាំទ្រ និងចូលរួមជាមួយរដ្ឋបាលខេត្តកំពង់ចាម ក្នុងការថែរក្សា ការពារធនធានធម្មជាតិ និងបរិស្ថាន ការទប់ស្កាត់បទល្មើសធនធានធម្មជាតិ និង បទល្មើសនេសាទ ដើម្បីពង្រឹងនូវសុខសន្តិភាព ស្ថិរភាពសង្គម និងការអភិវឌ្ឍ សេដ្ឋកិច្ច ឱ្យកាន់តែរីកចម្រើន រុងរឿងបន្ថែមទៀត និងចូលរួមផ្តល់មតិយោបល់លើការអនុវត្ត របស់អាជ្ញាធរមូលដ្ឋាននូវគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាព»។
ជាមួយគ្នានោះ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក៏បានលេីកឡេីងថា សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ដែលបានបង្កើតឡើងស្របតាមច្បាប់ ត្រូវបានលើកទឹកចិត្តក្នុងការធ្វើសកម្មភាពមនុស្សធម៌ និងសេវាសង្គម ប៉ុន្តែពុំត្រូវបាន អនុញ្ញាតឱ្យធ្វើសកម្មភាពណាមួយដែលមានគោលដៅ បម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ឬយកកម្រៃមកចែកគ្នានោះឡើយ ។ ពោលគឺត្រូវយកចិត្តទុកដាក់ក្នុងការ បំពេញកាតព្វកិច្ចឱ្យបានត្រឹមត្រូវ តាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធផងដែរ ៕